សម្លោកទាយដំណើរមនុស្ស
ខ្មែរយើងមិនត្រឹមតែមានក្បួនទស្សន៍ទាយ តម្រាមើលប្រចាំថ្ងៃ ខែ ឆ្នាំ ប៉ុណ្ណោះទេ ថែមទាំងមានជា "សម្លោក" ដែលទាយអំពីលក្ខណៈមនុស្សឬសត្វនានា ដែលចាស់ៗខ្មែរជំនាន់មុនបានកត់សម្គាល់ក្នុងជីវភាពរបស់គាត់ រហូតតកូនតចៅ ដែលលើកជាពាក្យចួនរណ្ដំ ងាយស្រួលចាំដោយសូត្រតែប៉ុន្មានដងក៏ចាំមាត់ និងមានប្រយោជន៍អាចអោយយើងដឹងអំពីលក្ខណៈមនុស្សឬសត្វបាន។ បើតាមវចនានុក្រមខ្មែរបានពន្យល់ពាក្យ "សម្លោក" មកថា៖
សម្លោក ៖ មានថ្នាក់ពាក្យជា [នាម] [សំស្ក្រឹត] , [បាលី] ហើយអានថា [សំ-ល៉ោក] [ឝ្លោក;សិលោក "គាថា, កាព្យ; ពាក្យសរសើរ"] ពាក្យស្លោក។ ខ្មែរប្រើពាក្យស្លោកនេះផ្សេងពីសំស្ក្រឹត និង បាលី គឺខ្មែរប្រើចំពោះតែពាក្យរៀលចួនរណ្ដំ ច្រើនតែទាយលក្ខណៈមនុស្ស ឬ សត្វពាហណៈដូចជា : គោ, ក្របី, ដំរី, សេះ និង បសុសត្វមាន ឆ្កែ ឆ្មា ជាដើម។ ដូចជាសម្លោកមនុស្សថា "មុខខ្លាចង្កាហ៊ីងពោះត្រពីងច្រមុះទាល" ទាយថា មនុស្សមានលក្ខណៈបែបនេះច្រើនអង់អាចរលុះរលាញមានសម្ដីថ្វីមាត់ ក្អេងក្អាង...។ បើគោបម្រើមានសម្លោកថា ឧទាហរណ៍ : ខ្នងកោងក្រចកញីកន្ទុយខ្លីភ្នែកលៀន" ទំនាយថា គោនោះខ្លាំងរួសស្រណុកប្រើមិនស្ពឹក។ មុននឹងចងសម្លោក ឬ និពន្ធសម្លោកតែងជាពាក្យស្លោក ចាស់ៗបានពិនិត្យលក្ខណៈហ្មត់ចត់ហើយ ទើបនិពន្ធសម្លោកទុក មិនមែនចេះតែនិពន្ធអោយតែចួនរណ្ដំនោះទេ។
បង្រួញន័យអោយខ្លីមក "សម្លោក" គឺជាទំនាយលក្ខណៈមនុស្ស ឬ សត្វពាហណៈ ដែលចាស់ៗជំនាន់មុនបានកត់សំគាល់តជំនាន់ រហូតលើកជាពាក្យចួនរណ្ដំគ្នាដើម្បីងាយស្រួលចងចាំ។
ប្លកអាក្បាលធំ សូមលើកមកសម្លោកមួយប្រភេទដែលទាយអំពីលក្ខណៈមនុស្សដែលគឺ "សម្លោកទាយដំណើរមនុស្ស" ដែលងាយស្រួលកត់ចំណាំដោយខ្លួនឯងបាន។ ដោយគ្រាន់តែឃើញដំណើររបស់អ្នកដទៃក៏អាចដឹងមុនអំពីអត្តចរិតរបស់ បុគ្គលនោះបានខ្លះៗដែរ ដែលចាស់ៗជំនាន់មុនថាហើយមិនងាយខុសនោះទេ។ សូមមើលដូចតទៅនេះ៖
- សិទ្ធិការ្យ:ពោលថា រីមនុស្សថ្គាមខ្លាចង្កាខ្លី ជង្គង់ដូចសេកភ្នែកមាន់ព្រៃ ដំណើរដំរីសម្ដីល្អ។
- រាងធំកំប៉ោងក្ដោងសំពោច ម្រាមដៃដូចទោចនោះច្រើនក្រ មុខក្រាយថ្គាមក្រាញ់ច្រើនធ្វើចោរ មាត់សេកភ្នែកសក្រដល់ចាស់។
- រីមនុស្សខ្លួនខ្លីសម្ដីខ្ពស់ រាងទាបក្រអុលច្រើនអួតណាស់ មុខស្រស់ពព្រើមចិញ្ចើមក្រាស់ ច្រើនចេះច្បាស់ណាស់លះសេចក្ដី។
- រីក្បាលទំពែកភ្នែកដូចស្វា ចិញ្ចើមដូចខ្លាប្រាជ្ញាខ្លី មុខខ្លាញ់ភ្នែកខ្លោតអួតសម្ដី ឥតបីអ្នកណានឹងបានដូច។
- រីក្បាលទំពែកភ្នែកទន្សាយ ច្រើនចេះលែបខាយខាងខិលខូច ឆាប់ខឹងៗណាស់រឹងសួពូជ តែលោចេះលួចៗទាំងថ្ងៃ។
- រីមនុស្សភ្នែកដាលក្បាលដូចខ្លា សម្ដីសារិកាប្រាជ្ញាវៃ សាច់ស-កវែងសំឡេងរៃ រាងដូចខ្លាត្រីឥតខ្លាចគេ។
- រីមនុស្សមួយទៀតមារយាទរឹង រាងស្គមកំព្រឹងឆ្អឹងទទេ មុខខ្លាញ់ភ្នែកខ្លោតចង្កាភេ ច្រើនបានជាមេគេទាំងឡាយ។
- សាច់ជ្រាយភ្នែកជ្រូកច្រើនឥតគិត ក្រយៅគោលិឍគំនិតងាយ កដូចពស់វែកភ្នែកទន្សាយ មុខក្រាយច្រើនក្រពីព្រោះបៀ។
- សក់រួញមុខរាច្រើនមានឫទ្ធិ ជើងធ្មេញញឹកល្អិតចិត្តល្អជា ភ្នែកតូចដូចពស់ដកពពារ ចំណាំបានជាឧកញ៉ាធំ។
- រីមនុស្សភ្លៅកោងលោងគជសារ សក់ពូនដូចស្វាស៊ីឥតសម បើភ័យបើភិតគិតតែយំ ជើងសក់ភ្នែកធំប្រមឹកស្រា។
- រីកខ្លួនរាងកោងក្ដោងកន្ថឹក ជើងទេញធ្មេញញឹកចិត្តឫស្សា រាងទាបកន្តុញសុញប្រាជ្ញា ម្រាមដៃដូចខ្លាច្រើនឥតគិត។
- រាងធំខ្ពស់កោងលោងដំរី មុខក្រៀមថ្គាមខ្លីដូចឆ្មាពិត ច្រមុះក្រពឹតចិត្តទុច្ចរិត និយាយឥតគិតច្រើនកុហក។
- រីមនុស្សមាឌធាត់មាត់សំពោច មុខក្រាយភ្នែកទោចភ្លៅមាន់គក ច្រមុះទន្សងខ្នងក្ងោក ជើងកោងពងទកបោកគេស៊ី។
- រីមនុស្សមុខគូក កកុកក្រក សំឡេងស្អកៗកវក់វី សាច់សមុខតូចខូចដល់ទី ភូតស៊ីក៏សមជាដោយយ៉ាង។
- សំឡេងឮង៉ូងដើមទ្រូងសត្វ កំប៉ោងដូចក្អាត់ច្រើនក្អេងក្អាង ដំណើរដូចក្អែកភ្នែកឃុនឆាង ចិត្តជាដោយយ៉ាងស៊ីជំនោរ។
- បើមានចំណេះចេះអ្វីក្ដី អួតក្រៃសម្ដីច្រើនពាលោ ឈ្លានពានឥតគិតចិត្តលោភោ ខាងឡើងជំនោរជោរចំណាប់។
- រីមនុស្សខ្នងខើចសើចមុខស្ងួត ចង្កេះស្វិតស្ដួចដីញាប់ អ្នកនោះចិត្តមុតខាងសម្លាប់ វាយបាញ់ចាក់កាប់ឥតកោតដៃ។
- រីអ្នកពោះក្អាត់មាត់ដូចសេះ ភ្នែកខ្លោតក្លិនឆ្អេះថ្ងាសពោះព្រៃ អ្នកនោះពាលោចោរចង្រៃ សាច់ញាតិដទៃពឹងពុំបាន។
- រីមនុស្សពោះឆ្កែមុខមូលស្រួច រាងកោងដៃតូចខូចមិនខាន ចិត្តសោយឫស្សាពន់ប្រមាណ បានខាងលួចសើចលេងលិចលង់។
- រីអ្នកភ្នែកទោចកមាន់ព្រៃ សាច់ខ្មៅវិស័យភ្នែកមមង់ មមីសងស្ងើននោះច្រើនល្ងង់ ពូជពង្សក៏ច្រើនតែថោកទាប។
- រីមនុស្សថ្គាមខ្លាចង្កាហ៊ីង ពោះធំកំពីងក្បាលត្រីដៀប ភ្នែកពស់អ្នកនោះច្រើនសុភាព កិរិយារាបទាបចេះគួរសម។
- រីដូចពស់វែកភ្នែកសល្អក់ ដើមទ្រូងសុនខរាងស្គមទាប កន្ទ្រលរាងរលទាបទ្រនាប់ នោះច្រើនមានទ្រព្យអភ័ព្វកូន។
- រីដូចទន្សងខ្នងទន្សាយ សាច់ក្រៀមមុខក្រាយក្របងប្អូន ភ្នែកសេកអ្នកនោះច្រើនតែងខ្លួន ចេះក្បួនច្បាប់ច្បាស់ចាំមាត្រា។
- បើធ្វើមន្ត្រីក៏ត្រឹមត្រូវ មិនសូវយកប្រាក់ពីអ្នកណា បុណ្យសោតក៏យឺនច្រើនយូរយារ ចិត្តសោតក៏ជានឹងឪម៉ែ។
- បើមានទ្រព្យអ្វីក៏គង់យូរ បើបានជាគ្រូក៏ពូកែ បើធ្វើដង្ខៅឈ្មួញជួញព្រែ ជួញម្ដេចក៏គង់តែចំណេញ។
- រីមនុស្សមាត់សេកភ្នែកទន្សាយ កក្រាញ់មុខក្រាយទាបក្រតុញ ជើងធ្មេញញឹកល្អិតចិត្តថប់ធុញ ប្រាជ្ញាក៏សុញឥតគណនា។
- វាណាស់តែធ្វើខាងខិលខូច កោងកាចឥតកោតអ្នកឯណា គ្មានសន្ដានផៅនៅមីងមា ចេះតែរលាខូចចង្រៃ។
- រីថ្ងាសត្រងាលក្បាលតូចស្រួច មាត់តូចក្រហួចចង្កេះខ្លី មុខក្រាយថ្គាមខ្លាចង្កាត្រី ចិត្តសោតតិរ្ថិយភូតសួពូជ។
- បោកប្រាស់បញ្ឆោតមិនយល់ញាតិ មួយទៀតមារយាទដូចឆ្កែល្មួច អ្នកនោះជៀសខ្ញុំគេមិនរួច ពីព្រោះខិលខូចលួចអ្នកផង។
- សម្លោកទំនាយទាំងនេះឯង មិនចែងពីចិត្តខ្ញុំកាលណា ដោយចែងតាមបទក្បួនហោរា ទំនាយមកថាដូច្នោះនៃ។
រីមនុស្សកើតមកក្នុងផែនភព
រាល់រូបមានគ្រប់ដូចទំនាយ
អ្នកណាមិនជឿគង់នឹកស្ដាយ
ចាស់ទុំលោកទាយមិនខុសទេ៕
មតិអាក្បាលធំ ៖ តាំងពីឆ្នាំ 1979 រហូតមកដល់ឥឡូវខ្មែរយើងបានបែកពូជ បែកសាសន៍អស់ជាច្រើនហើយ បើអោយរកខ្មែរសុទ្ធមិនសូវមានទេ។ សូម្បីតែនៅជនបទក៏មិនសូវមានខ្មែរសុទ្ធដែរ មានតែខ្មែរកាត់ចិន កាត់យួន (តែមិនហ៊ានថាខ្លួនឯងកាត់យួនទេ ថាកាត់ចិនវិញ) ហើយរូបរាងក៏ប្រែប្រួលទៅតាមសម័យកាលដែរ។ បើនៅទីក្រុងវិញប្រហែលជារកខ្មែរសុទ្ធមិនឃើញទេ បើម្នាក់ៗតាំងខ្លួនឯងថាជាប់ខ្សែចិន ខ្សែយួន អោយតែដល់ពេលចូលឆ្នាំចិនយួន តាំងមានសែននឹងគេដែរ។ ហើយសម្លោកទំនាយលក្ខណៈមនុស្សខាងលើមិនដឹងជាអាចនៅមានប្រសិទ្ធភាព ដូចកាលពីបុរាណដែលលោកចារចាំមកដែលអត់ទេន៏...៕
Tags:
សម្លោកទាយដំណើរមនុស្ស