សូមជម្រាបថា សម្តេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១ រោច ខែផល្គុន ឆ្នាំវក ឆស័ត ព.ស. ២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស.១៨៨៣ នៅភូមិកំរៀង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងត្រកូលជាកសិករ។ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
សម្ដេចព្រះសង្ឃរាជ សុគត នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។ នេះបើតាមវិគីភីឌា។
ទស្សនៈ១០ឃ្លា របស់សម្តេចព្រះសង្ឃរាជ ដ៏មានតម្លៃខាងក្រោមនេះ ដែលភាគច្រើនចាស់ៗជំនាន់មុន តែងសរសេរដាក់លើធ្នឹម ដើម្បីជាការក្រើនរម្លឹកដល់កុលបុត្រគ្រប់រូប គ្រាន់ទុកជាប្រយោជន៍។ ទស្សនៈទាំង១០ឃ្លានេះ មានដូចតទៅ ៖
#១ អ្នកប្រាជ្ញតែងសន្សំនូវអ្នកប្រាជ្ញដូចគ្នា ហើយតែងស្រឡាញ់មនុស្សដូចគ្នា ព្រមទាំងមិនចេះលាក់លៀមនូវអ្វីៗដែលនាំឱ្យប្រសើរដល់អ្នកដទៃ និងនាំអ្នកផងឱ្យឈានទៅរកសេចក្ដីចម្រើន។
#២ រូបកាយតែងចាស់ជរា ឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយ។
#៣ បើចេញពីវត្តទៅផ្ទះវិញយ៉ាងហោចណាស់ ត្រូវចេះធម៌អាថ៌ខ្លះៗ ដើម្បីចូលពិធីបុណ្យផ្សេងៗនឹងគេ កុំទៅអង្គុយទុកមាត់ឱ្យនៅស្ងៀម។
#៤ ការធ្វេសស្មារតី ជាឧបាយនៃសេចក្ដីស្លាប់។
#៥ ជីវិតរាល់រូបខ្លីណាស់ ប៉ុន្តែយើងត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងប្រព្រឹត្តិល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ។
#៦ ឃើញគេថ្កំថ្កើង កុំចង់ចចើងតាមគេហួសមាឌខ្លួន ប៉ុន្តែមិនត្រូវបន្ធូបន្ថយព្យាយាមដែរ។
#៧ កុំថ្កោលទោសគេដោយពុំពិនិត្យ កុំគិតខ្លួនឯងថាប្រពៃ កុំធ្វេសប្រហែសពាក្យសម្ដី នាំឱ្យមានភ័យដល់អាត្មា។
#៨ ធ្វើស្រែទាន់មានភ្លៀង ស្រែកច្រៀងទាន់មានភ្លេង។
#៩ ពេលដើរបែកជាដេក ខ្ជិលហួសពេកនាំឱ្យល្ងង់។
#១០ ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា៕
គួររម្លឹកថា សម្តេចព្រះសង្ឃរាជ ជួន ណាត មានស្នាព្រះហស្តខាងអក្សរសាស្ត្រខ្មែរយ៉ាងស្ទាត់ជំនាញ និងបានកសាងហេដ្ឋារចនាផ្សេងៗជាច្រើនផងដែរ។ តែអ្វីដែលជាសមិទ្ធផលធំៗ និងទុកដល់កូនខ្មែររហូតទល់បច្ចុប្បន្ន គឺវចនានុក្រមខ្មែរ កច្ចាយនូបត្ថម្ភកៈ គហិបដិបត្តិ សាមណេរវិន័យ បាតិមោក្ខសំវរសង្ខេប កាព្យលោកធម៌ នាគោបមាទិកថា សុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា បព្វជ្ជាខន្ធកៈពិស្ដារ ចីវរក្ខន្ធៈពិស្ដារ ព្រមទាំងអត្ថបទនៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសនបណ្ឌិត្យ បទនគររាជ និងអត្ថបទផ្សេងៗជាច្រើនទៀត។