២. សម្លោកទាយដំណើរមនុស្ស

 

សម្លោកទាយដំណើរមនុស្ស

សិទ្ធិការចារ្យពោលថា

រីមនុស្សស្គមចង្កាខ្លី

ជង្គង់ដូចសេកភ្នែកមាន់ព្រៃ

ដំណើរដំរីសំដីល្អ។

រាងធំកំប៉ោងក្តោងសំពោច

ម្រាមដៃដូចក្រូចនោះសែនក្រ

មុខក្រោយស្គមក្រាញច្រើនធ្វើចោរ

មាត់សេកភ្នែកសក្រដល់ចាស់  ។

រីមនុស្សខ្លួនខ្លីសំដីខ្ពស់

រាងទាប់ក្រអុសច្រើនអូតណាស់

មុខស្រស់ពព្រើមចិញ្ចើមក្រាស់

ច្រើនចេះណាស់លះសេចក្តី     ។

រីក្បាល់ទំពែកភ្នែកទន្សាយ

ច្រើនចេះលែបខាយខាងខិលខូច

ឆាប់ខឹងៗណាស់រឹងសួរពូជ

តែលោចេះលួចទាំងថ្ងៃ។

រីមនុស្សភ្នែកដាលក្បាលដូចខ្លា

សំដីសារិកាប្រាជ្ញាវៃ

សាច់ស កវែងសំលេងរៃ

រាងដូចខ្លាត្រីឥតខ្លាចគេ។

រីមនុស្សមួយទៀតមាយាទរឹង

រាងស្គមកំប្រឹងឆ្អឹងទទេ

មុចខ្លាញ់ភ្នែកខ្លោតចង្កាភេ

ច្រើនបានជាមេគេទាំងឡាយ   ។

សាច់ជ្រាយភ្នែកជ្រូកច្រើនឥតគិត

ក្រយៅគោលិតគំនិតងាយ

កដូចពស់វែកភ្នែកទទ្សាយ

មុខក្រោយច្រើនក្រពីព្រោះបៀរ។

សក់រួញមុខរាច្រើនមានឬក

ជើងឆ្មេញញឹកល្អិតចិត្តល្អជា

ភ្នែកតូច​ដូចពស់ដកពពា

ចំណាំបានជាឧកញ៉ាធំ ។

រីមនុស្សភ្លៅកោងលោងគុជសារ

សក់ពូនដូចស្វាស៊ីឥតសម

បើភ័យបើភិតគិតតែយំ

ជើងសក់ភ្នែកធំប្រមឹកស្រា  ។

រីមនុស្សរាងកោងក្តោងកន្លឹក

ជើងទេញធ្មេញញឹកចិត្តឬស្យា

រាងទាបកន្តុញសុញប្រាជ្ញា

ម្រាមដៃដូចខ្លាច្រើនឥតគិត  ។

រាងធំកោងលោងដំរី

មុខក្រៀធ្គាមខ្លីដូចឆ្មាពិត

ច្រមុះកំពិតចិត្តទុច្ចរិត

និយាយឥតគិតច្រើនកុហក  ។

រីមនុស្សមាឌធាត់មាត់សំពោច

មុខក្រោយភ្នែកទោចភ្លៅមាន់គក

ច្រមុះទន្សងខ្នងក្ងោក

ជើងកោងពងទកបោកគេស៊ី  ។

រីមនុស្សមុខគូកកកុកក្រក

សំលេងស្អកៗភរវកវី

សាច់សមុខតូចខូចដល់ទី

ភូតស៊ីក៏សមជាដោយយ៉ាង ។

សំលេងឮង៉ូងដើមទ្រូងស្វិត

កំប៉ោងដូចក្កោតច្រើនក្អេងក្អាង

ដំណើរដូចក្អែកភ្នែកឃុនឆាង

ចិត្តថាដោយយ៉ាងស៊ីជំនោរ   ។

បើមានចំណេះចេះអ្វីក្តី

អួតក្រៃសំដីច្រើនពាលា

ឈ្លានពានឥតគិតចិត្តលោភោ

ខាងឡើងជំនោរជោចំណាប់ ។

រីមនុស្សខ្នងខើចសើចមុខស្ងួត

ចង្កេះស្វិតស្តួចសំដីញ៉ាប់

អ្នកនោះមុតខាងសម្លាប់

វាយបាញ់ចាក់កាប់ឥតកោងដៃ ។

រីអ្នកពោះក្អាត់មាត់ដូចសេះ

ផ្នែកខ្លោតក្លិនឆ្អេះថ្ងាសពស់ព្រៃ

អ្នកនោះពាលាចោរចង្រៃ

សាច់ញាតិដ៏ទៃពឹងពុំបាន  ។

រីមនុស្សពោះឆ្កែមុខមូលស្រួច

រាងកោងដៃតូចខូចមិនខាន

ចិត្តសោតឬស្យាពន់ប្រមាណ

បានខាងលួចសើច​លេងលេចលង់។

រីអ្នកភ្នែកតូចកដូចមាន់ព្រៃ

សាច់ខ្មៅវិស័យភ្នែកមមង់

មមីសងស្ងើននោះច្រើនល្ងង់

ពូជពង្សក៏ច្រើនតែថោកទាប ។

រីមនុស្សថ្គាមខ្លាចង្កាហ៊ីង

ពោះធំកំពីងក្បាលត្រីដៀប

ផ្នែកពស់អ្នកនោះច្រើនសុភាព

កិរិយារាបទាបចេះគួរសម ។

រីដូចពស់វែកភ្នែកសល្អក់

ដើមទ្រូងសុនករាងស្គមទាប

កន្ទ្រលរាងរលទាមទ្រនាប់

នោះច្រើនមានទ្រពអភ័ព្វកូន។

រីដូចទន្សងខ្នងទន្សាយ

សាច់ក្រៀមមុខក្រាយក្របងប្អូន

ផ្នែកសេកអ្នកនោះច្រើនតែងខ្លួន

ចេះក្បួនលាសលាស់ចាំមាត្រា ។

បើធ្វើមន្រ្តីក៏ត្រឹមត្រូវ

មិនសូវយកប្រាក់ពីអ្នកណា

បុណ្យសោតក៏យឺនច្រើនយូរយា

ចិត្តសោតក៏ជានឹងឪម៉ែ។

បើមានទ្រពអ្វីក៏គង់យូរ

បើបានជាគ្រូក៏ពូកែ

បើធ្វើដង្ខៅឈ្មួញជួញព្រែ

ជួញម្តេចក៏គង់តែចំណេញ ។

រីមនុស្សមាត់សេកភ្នែកទន្សាយ

កក្រាញ់មុខក្រោយទាបកន្តុញ

ជើងធ្មេញញឹកល្អិតចិត្តថប់ធុញ

ប្រាជ្ញាក៏សុញឥតគណនា។

វាណាស់តែធ្វើខាងខិលខូច

កោងកាចឥតកោចអ្នកឯណា

គ្មានសន្តានផៅនៅមីងមា

ចេះតែរលាខូចចង្រៃ ។

រីថ្ងាសត្រងោលក្បាលតូចស្រួច

មាត់តូចក្រហួចចង្កេះខ្លី

មុខក្រោយថ្គាមខ្លាចង្កាត្រី

ចិត្តសោតតិរិ្ថយខូចសួរពូច  ។

បោកប្រាស់បញ្ឆោតមិនយល់ញាតិ

មួយទៀតមារយាទដូចឆ្កែឆ្កួត

អ្នកនោះជៀសខ្ញុំគេមិនរួច

ពីព្រោះខិលខូចលួចអ្នកផង ។

សម្លោកទំនាយទាំងនេះឯង

មិនបែងពីចិត្តខ្ញុំកាលណា

ដោយចែងតាមបទក្បួនហោរា

ទំនាយមកថាដូច្នេះនៃ  ។

រីមនុស្សកើតមកក្នុងផែនភព

រាល់រូបមានគ្រប់ដូចទំនាយ

អ្នកណាមិនជឿគង់នឹកស្តាយ

ចាស់ទុំលោកទាយមិនខុសទេ  ។

ភ្នំពេញថ្ងៃទី១៧ ខែ០៥ ឆ្នាំ២០១១

ដកស្រង់ចេញពីសៀវភៅ ប្រជុំតម្រាសាស្រ្តពិស្តារ របស់លោក រស់ មាន ទំព័រ៤៩ គ.ស ១៩៧៣




Post a Comment

Previous Post Next Post