ដើម្បីរាប់ និងសរសេរថ្ងៃ ខែ ឆ្នាំ ឲ្យត្រឹមត្រូវតាមចន្ទគតិ ត្រូវចេះ និងចងចាំក្បួនខាងក្រោមនេះ៖
ថ្ងៃ៖ថ្ងៃទី១=អាទិត្យ, ថ្ងៃទី២=ចន្ទ, ថ្ងៃទី៣=អង្គារ, ថ្ងៃទី៤=ពុធ, ថ្ងៃទី៥= ព្រហស្បតិ៍, ថ្ងៃទី៦=សុក្រ, ថ្ងៃទី៧=សៅរ៍។
ខែ៖ ខែទី១=មិគសិរ, ខែទី២=បុស្ស, ខែទី៣=មាឃ, ខែទី៤=ផគ្គុណ, ខែទី៥=ចេត្រ, ខែទី៦=ពិសាខ, ខែទី៧=ជេស្ឋ, ខែទី៨=អាសាធ, ខែទី៩=ស្រាពណ៍, ខែទី១០=ភទ្របទ, ខែទី១១=អស្សុជ, ខែទី១២=កត្តិក។
ខែ ដែលមានតែ២៩ថ្ងៃ ហៅថាខែសេស រួមមាន មិគសិរ, មាឃ, ចេត្រ, ជេស្ឋ, ស្រាពណ៍, អស្សុជ។ ឯខែ ដែលមាន៣0ថ្ងៃ ហៅថាខែគូ រួមមាន បុស្ស, ផគ្គុណ, ពិសាខ, អាសាធ, ភទ្របទ, កត្តិក។
ខែនីមួយៗ មានកើត និងរោច ដែលតែងតែរាប់ពីថ្ងៃ១កើត ដល់ ១៥កើត និងថ្ងៃ១រោច ដល់ ១៤ ឬ ១៥រោច។ ជាក់ស្តែង ខែមិគសិរ ដែលជាខែទី១ មានតែ២៩ថ្ងៃប៉ុណ្ណោះ ដូច្នេះ ត្រូវរាប់ពីថ្ងៃ១កើត ខែមិគសិរ ដល់ថ្ងៃ១៥កើត ខែមិគសិរ ហើយនៅសល់ពាក់កណ្តាលខែទៀត ត្រូវចាប់ផ្តើមរាប់ពីថ្ងៃ១រោច ខែមិគសិរ ដល់ថ្ងៃ១៤រោច ខែមិគសិរ។ ដល់ពេលឈានចូលខែទី២ គឺខែបុស្ស ដែលមាន៣0ថ្ងៃ ត្រូវរាប់ពីថ្ងៃ១កើត ខែបុស្ស ដល់ថ្ងៃ១៥កើត ខែបុស្ស ហើយនៅសល់ពាក់កណ្តាលខែទៀត ត្រូវរាប់ពីថ្ងៃ១រោច ខែបុស្ស ដល់ថ្ងៃ១៥រោច ខែបុស្ស។
ឆ្នាំ៖ ជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ។
សករាជ៖ ពុទ្ធសករាជ ដែលសរសេរជាអក្សរកាត់ថា ព.ស។
ការសរសេរកាលបរិច្ឆេទតាមចន្ទគតិ មាន២បែប គឺសរសេរជាអក្សរ និងសរសេរជាលេខ
ឧទាហរណ៍៖ «ថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨» ត្រូវសរសេរតាមចន្ទគតិ
សរសេរជាអក្សរ ៖ «ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១» ។
សរសេរជាលេខ ៖ «ថ្ងៃ២ ᧯ ២ ឆ្នាំរកា ព.ស ២៥៦១» (លេខ២ តំណាងឲ្យថ្ងៃចន្ទ , លេខ១៥ នៅពីលើសញ្ញាខណ្ឌ តំណាងឲ្យថ្ងៃ ១៥កើត ហើយលេខ២ តំណាងឲ្យ ខែបុស្ស)។
ប្រសិនបើស្ថិតក្នុងថ្ងៃរោច ត្រូវសរសេរលេខ នៅពីក្រោមសញ្ញាខណ្ឌវិញ ដូចជា ᧱ , ᧲ , ᧳ , ᧴ , ᧵ ដែលមានន័យថា ១រោច, ២រោច, ៣រោច, ៤រោច, ៥រោច ជាដើម។
កន្លងមក ស្ថាប័នជាតិស្ទើរទាំងអស់ រួមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ តែងប្រើប្រាស់ និងសរសេរកាលបរិច្ឆេទ តាមសុរិយគតិតែម្យ៉ាងប៉ុណ្ណោះ។ ឯការប្រើប្រាស់កាលបរិច្ឆេទតាមចន្ទគតិ មិនសូវពេញនិយមឡើយ។ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ ស្ថាប័នជាតិនានា នឹងចាប់ផ្តើមប្រើប្រាស់កាលបរិច្ឆេទទាំងពីរនេះតែម្តង។ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២0១៧ អគ្គលេខាធិការដ្ឋាននៃរដ្ឋាភិបាលកម្ពុជា បានជូនដំណឹងផ្លូវការមួយ ទៅកាន់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំគោលការណ៍រួម ក្នុងការប្រើប្រាស់កាលបរិច្ឆេទតាមចន្ទគតិនិងសុរិយគតិ នៅក្នុងលិខិតរដ្ឋបាលនានា។
ការស្នើបែបនេះរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋាភិបាលកម្ពុជា គឺធ្វើឡើងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧ សម្តេច ហ៊ុន សែន បានសរសើរលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ដែលបានណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យប្រើប្រាស់កាលបរិច្ឆេទតាមចន្ទគតិ។ ប្រមុខរដ្ឋាភិបាលរូបនេះ ក៏ស្នើឲ្យរដ្ឋមន្ត្រី និងមន្ត្រីនានានៅគ្រប់ស្ថាប័នរដ្ឋ យកគំរូតាមលោក ជា សុផារ៉ា ដោយប្រើប្រាស់កាលបរិច្ឆេទតាមចន្ទគតិដែរ៕