ទេវតា តាមព្រះពុទ្ធសាសនា ទេវតាគឺជាអមនុស្សមួយប្រភេទដែលស្ថិតនៅក្នុងកាមភព (Desire Realm ឬ Kāmadhātu) ៦ជាន់។ ទេវតាទំាងនោះស្ថិតនៅតាមជាន់ផ្សេងគ្នាតាមកំលាំងបុណ្យរបស់ខ្លួនដែលបានសន្សំទុក ដូចជាទេវតាណាមានស័កតូចគឺឋិតនៅជាន់ទី១ ទេវតាណាមានស័កធំបន្តិចក៏ឋិតនៅជាន់ទី២តាមលំដាប់រៀងដល់ជាន់ទី៦។
ក្នុងអដ្ឋកថា ពោលថា « ទេវភូមិដែលឈ្មោះថា ចាតុម្មហាវាជិកាមានទេវតា ២ ពួក គឺភូមិដ្ឋទេវតា ១ អាកាសទេវតា ១ » ។
* ទេវតាដែលអាស្រ័យនៅលើភ្នំក្តី រុក្ខទេវតាក្តី សង្គ្រោះចូលក្នុងភូមិដ្ឋទេវតា ទេវតាទាំងនោះ មានវិមាននៅខ្លះ មិនមានវិមាននៅខ្លះ ចំណែកអាកាសទេវតានោះ មានវិមានអណ្តែតនៅក្នុង អាកាស។ទេវតាទាំង២ប្រភេទនេះអាស្រ័យឋិតនៅជាប់តគ្នាដរាបដល់ភ្នំចក្រវាឡដោយជុំវិញ។
សូម្បីទេវតាទាំងនេះក៏តាំងនៅក្នុងជាន់ចាតុម្មហារាជិកា គឺ
១. ខិឌ្ឌាបទោសិកៈ អ្នកត្រូវសេចក្តីលេងប្រទូសរ៉ាយ
២. មនោបទោសិកៈ អ្នកត្រូវសេចក្តីក្រោធប្រទូសរ៉ាយ
៣. សីតវលាហក អ្នកធ្វើអាកាសអោយត្រជាក់
៤. ខណ្ហវលាហក អ្នកធ្វើអាកាសអោយក្តៅ
៥. ចន្ទទេវបុត្រ ទេវបុត្រនៅក្នុងព្រះចន្ទ
៦. សុរិយទេវបុត្រ ទេវបុត្រនៅក្នុងព្រះអាទិត្យ ។
* ភូម្មដ្ឋទេវតា បានដល់ទេវតាដែលអាស្រ័យនៅតាមស្ថានទីផ្សេងៗ គឺ តាមផែនដី តាមភ្នំ តាមទន្លេ មហាសមុទ្រ ក្រោមដី ក្នុងផ្ទះ និងចេតិយជាដើម ។ មហារាជទំាង ៤ មានវិមានរបស់ខ្លួន ដោយចំពោះទេវតាក្រៅពីនេះ មានវិមានរបស់ខ្លួនឯងខ្លះ មិនមានវិមាននៅខ្លះ ដូចទេវតាដែលនៅតាមផ្ទះ និងស៊ុំទ្វារជាដើម ។ រុក្ខទេវតាពួកខ្លះ មានវិមាននៅលើចុងឈើ លើមែកឈើ ពួកខ្លះនៅលើដើមឈើ មិនមានវិមាននៅ ។ ពួកអាកាសដ្ឋទេវតា មានវិមានរបស់ខ្លួនដោយចំពោះ ដូចចន្ទទេវបុត្រ មានវិមាននៅក្នុងឋានព្រះចន្ទជាដើម វិមាននោះមានសេចក្តីល្អប្រកបដោយរតនៈទាំងឡាយ ។
ក្នុងចាតុម្មហារាជិកានេះ លោកពោលដល់ទេវតាដែលកាចៗ ៤ ពួកគឺ
១. ទេវតាដែលជាយក្ខទាំងស្រីទាំងប្រុស
២. ទេវតាដែលជាកុម្ភ័ណ្ឌទាំងស្រីទាំងប្រុស
៣. ទេវតាដែលជាពួកនាគទាំងស្រីទំាងប្រុស
៤. ទេវតាដែលអាស្រ័យកើតក្នុងដើមឈើ។
ធម៌ដែលនាំឲ្យកើតជាទេវតាមាន៧
១- ហិរិ ជាអ្នកខ្មាស់បាប
២- សុតះ ការស្ដាប់ព្រះធម៌
៣- ចាគះ ជាអ្នកបរិច្ចាគទាន
៤- ឪត្តប្បះ ជាអ្នកក្រែងខ្លាចបាប
៥- សទ្ធា ការជឿកម្មនិងផលរបស់កម្ម
៦- សីល ការរក្សាសីល ជាអ្នកមានសីល
៧- បញ្ញា ជាអ្នកមានបញ្ញាយល់ដឹងខុសត្រូវ
សូមនមោទនាបុណ្យ
ធម៌នាំឱ្យកើតជាស្តេចទេវតា
ស្តេចទេវតា ឬសក្កទេវរាជជាស្តេចទេវតានៅឋានតាវត្តិង្សសព្វថ្ងៃនេះ កាលព្រះអង្គនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជាស្តេចទេវតា ។
វត្តបទទាំង៧ប្រការនោះគឺ
១- ទំនុកបម្រុងចិញ្ចឹមមាតាបិតាអស់មួយជីវិត
២-គោរពរាមច្បងក្នុងត្រកូលអស់មួយជីវិត
៣- មានវាចាផ្អែមល្ហែម សម្តីពីរោះពិសាអស់មួយជីវិត
៤- មិនមានវាចាចាក់រុកញុះញង់អស់មួយជីវិត
៥- ធ្វើបុណ្យដាក់ទាន រក្សាផ្ទះសម្បែងអស់មួយជីវិត
៦- ពោលពាក្យសច្ចៈទៀងទាត់ អស់មួយជីវិត
៧- មិនក្រោធខឹង មិនកើតទោសៈអស់មួយជីវិត ។
ដោយអានិសង្សនៃការគោរពប្រណិប័តន៍នូវគុណធម៌ទាំង៧ប្រការនេះពេញបរិបូណ៌ដោយចិត្តសទ្ធាជ្រះថ្លាដ៏បរិសុទ្ធហើយ ក៏បានទៅកើតជាស្តេចទេវតាសោយសុខនាឋានត្រៃត្រិង្សទេវលោករហូតដល់សព្វថ្ងៃនេះ ។ សាន សារិន