មេរៀនទី១ (កម្មដ្ឋាន)

 (កម្មដ្ឋាន)

ពាក្យថា កម្មដ្នាន មានន័យថា អារម្មណ៍ដែលគួរចំរើនឲ្យកើតសតិសម្បជញ្ញៈ និងគុណវិសេសផ្សេងៗ មានសមាធិជាដើមលោកហៅថា កម្មដ្នាន ។ បានសេចក្តីថា ហេតុជាទីតាំងនៃភាវនាកម្ម គឺជាអារម្មណ៍សម្រាប់បរិកម្មភាវនា ម្យ៉ាងទៀតថា ហេតុជា ទីតាំងនៃអំពើព្យាយាមដើម្បីនឹងចំរើនសមាធិភាវនា ហៅថា កម្មដ្នាន ។ កម្មដ្នានមាន២យ៉ាងគឺៈ សមថកម្មដ្នាន១ វិបស្សនាកម្មដ្នាន១ ។ 

សមថកម្មដ្នាន ជាឧបាយសម្រាប់ទូន្មានចិត្តឲ្យស្ងប់ចាកកិលេស មានកាមច្ឆន្ទៈជាដើម, ឯវិបស្សនាកម្ម ដ្នានជាឧបាយសម្រាប់ធ្វើបញ្ញាឲ្យត្រចះឡើង ដើម្បីលះបង់នូវកិលេសមានឧបាទាន គឺសេចក្តីប្រកាន់ក្នុងខន្ធជាដើម ។ យោគាវចរជាអ្នកព្យាយាមដំបូង គប្បីសិក្សាប្រតិបត្តិក្នុងសមថកម្មដ្នានជាមុនសិន ទើបគួរប្រតិបត្តិក្នុងវិបស្សនាកម្មដ្នានជាខាងក្រោយ ។

កម្មដ្នានទាំងអស់មាន៤០ គឺៈ កសិណ១០, អសុភ១០, អនុស្សតិ១០, ព្រហ្មវិហារ៤, អារុប្ប៤, អាហារបដិកូលសញ្ញា១ និង ចតុធាតុវវដ្នាន១ ។

អនុស្សតិ១០មានដូចតទៅនេះ៖

១- ពុទ្ធានុស្សតិ រលឹករឿយៗនូវគុណព្រះពុទ្ធជាអារម្មណ៍

២- ធម្មានុស្សតិ រលឹករឿយៗនូវគុណព្រះធម៌ជាអារម្មណ

៣- សង្ឃានុស្សតិ រលឹករឿយៗនូវគុណព្រះសង្ឃជាអារម្មណ៍

៤- សីលានុស្សតិ រលឹករឿយៗនូវសីលជាអារម្មណ

៥- ចាគានុស្សតិ រលឹករឿយៗនូវចាគគុណជាអារម្មណ៍

៦- ទេវានុស្សតិ រលឹករឿយៗនូវសទ្ធាទិគុណរបស់ទេវតាជាអារម្មណ៍

៧- មរណានុស្សតិ រលឹករឿយៗនូវសេចក្តីស្លាប់ជាអារម្មណ៍

៨- កាយគតាសតិ រលឹករឿយៗតាំងចុះក្នុងកាយមានអាការៈ៣២ជាអារម្មណ៍

៩- អានាបានស្សតិ រលឹករឿយៗនូវអស្សាសបស្សាសជាអារម្មណ៍

១០- ឧបសមានុស្សតិ រលឹករឿយៗនូវគុណរបស់ព្រះនិព្វានជាអារម្មណ៍ ។

កាយគតាសតិៈ (អាការៈ៣២)

យោគាវចរជាអ្នកព្យាយាមចំរើនកាយគតាសតិ គប្បីទន្ទេញឲ្យចាំរត់មាត់នូវ អាការៈ៣២ ដូចតទៅ៖

ជាអនុលោម (រាប់បណ្តោយ)- សក់- រោម-ក្រចក- ធ្មេញ- ស្បែក- សាច់- សរសៃ- ឆ្អឹង- ខួរក្នុងឆ្អឹង- តម្រងបស្សាវៈ- បេះដូង- ថ្លើម- វាវ- ក្រពះ- សួត- ពោះវៀនធំ- ពោះវៀនតូច- អាហារថ្មី- អាហារចាស់- ខួរក្នុងក្បាល- ប្រមាត់- ស្លេស្ម- ខ្ទុះ- ឈាម- ញើស- ខ្លាញ់ខាប់- ទឹកភ្នែក- ខ្លាញ់រាវ- ទឹកមាត់- ទឹកសំបោរ- ទឹករំអិល- ទឹកមូត្រ ។

ជាបដិលោម (រាប់បញ្ច្រាស)- ទឹកមូត្រ- ទឹករំអិល- ទឹកសំបោរ- ទឹកមាត់- ខ្លាញ់ រាវ- ទឹកភ្នែក- ខ្លាញ់ខាប់- ញើស- ឈាម- ខ្ទុះ- ស្លេស្ម- ប្រមាត់- ខួរក្នុងក្បាល- អាហារ ចាស់- អាហារថ្មី- ពោះវៀនតូច- ពោះវៀនធំ- សួត- ក្រពះ- វាវ- ថ្លើម- បេះដូង- តម្រង បស្សាវៈ- ខួរក្នុងឆ្អឹង- ឆ្អឹង- សរសៃ- សាច់- ស្បែក- ធ្មេញ- ក្រចក- រោម-សក់ ។

ចតុធាតុវវដ្នានៈ (ធាតុ ៤)

កិរិយាកំណត់នូវលក្ខណៈរបស់ធាតុទាំង៤ ហៅថា ចតុធាតុវវដ្នានកម្មដ្នាន ។ ធាតុទាំង៤នោះគឺ បឋវីធាតុ (ធាតុដី), អាបោធាតុ (ធាតុទឹក), តេជោធាតុ (ធាតុភ្លើង) និង វាយោធាតុ (ធាតុខ្យល់) ។ ធាតុទាំង៤នោះ បើសម្តែងឲ្យពិស្តា មានអាការៈ៤២យ៉ាងគឺៈ បឋវីធាតុមានអា ការៈ២០, អាបោធាតុមានអាការៈ១២, តេជាធាតុមានអាការៈ៤ និងវាយោធាតុមានអា ការៈ៦ ។

បឋវីធាតុ២០អាការៈគឺ៖

កេសា សក់១, លោមា រោម១, នខា ក្រចក១, ទន្តា ធ្មេញ១, តចោ ស្បែក១, មំ សំ សាច់១, នហារូ សរសៃ១, អដ្និ ឆ្អឹង១, អដ្និមិញ្ជំ ខូរក្នុងឆ្អឹង១, វក្កំ តម្រងបស្សាវៈ១, ហទយំ បេះដូង១, យកនំ ថ្លើម១, កិលោមកំ វាវ១, បិហកំ ក្រពះ១, បុប្ផាសំ សួត១, អន្តំ ពោះវៀនធំ១, អន្តគុណំ ពោះវៀនតូច១, ឧទរិយំ អាហារថ្មី១, ករីសំ អាហារចាស់១, មត្ថលុង្គំ ខួរក្នុងក្បាល១ ។

អាបោធាតុ១២គឺ៖

បិត្តំ ប្រមាត់១, សេម្ហំ ស្លេស្ម១, បុព្វោ ខ្ទុះ១, លោហិតំ ឈាម១, សេទោ ញើស១, មេទោ ខ្លាញ់ខាប់១, អស្សុ ទឹកភ្នែក១, វសា ខ្លាញ់រាវ១, ខេឡោ ទឹកមាត់១, សង្ឃាណិកា ទឹកសំបោរ១, លសិកា ទឹករំអិល១, មុត្តំ ទឹកមូត្រ១ ។

តេជោធាតុ៤គឺ៖

១- សន្តប្បតិ ភ្លើងញ៉ាំងកាយឲ្យក្តៅសព្វ

២- ជរិយតិ ភ្លើងញ៉ាំងកាយឲ្យចាស់គ្រាំគ្រា

៣- បរិឌយ្ហតិ ភ្លើងញ៉ាំងកាយឲ្យក្តៅរោលរាលឈឺចាប់

៤- សម្មាបរិណាមំគច្ឆតិ ភ្លើងដែលញ៉ាំងអាហារឲ្យរលាយ ។

វាយោធាតុ៦គឺ៖

១- ឧទ្ធង្គមាវាតា ខ្យល់ដែលផាត់ឡើងទៅលើ

២- អធោគមាវាតា ខ្យល់ដែលផាត់ទៅខាងក្រោម

៣- កុច្ឆិសយាវាតា ខ្យល់ដែលផាត់នៅខាងក្រៅពោះវៀន

៤- កោដ្នាសយាវាតា ខ្យល់ដែលផាត់នៅខាងក្នុងពោះវៀន

៥- អង្គមង្គានុសារិនោវាតា ខ្យល់ដែលផាត់ផ្សាយទៅសព្វសព៌ាង្គកាយ

៦- អស្សាសបស្សាសាវាតា ខ្យល់ដែលដកដង្ហើមចេញ-ចូល ។

សេចក្តីគួរចងចាំៈ

យោគាវចរអ្នកធ្វើការព្យាយាម អាចជ្រើសរើសយកកម្មដ្នាននានាក្នុងកម្មដ្នាន ៤០ដែលបានរៀបរាប់មកខាងលើ តាមសេចក្តីប្រាថ្នា។ យោគាវចរអ្នកធ្វើការព្យាយាម គប្បីចំរើនរឿយៗ នូវអនាបនស្សតិ ព្រមទាំងកាយគតាសតិ (អាការៈ៣២) ជាការចាំ បាច់ ទោះបីជាព្យាយាមចំរើនកសិណក្តី អសុភក្តី អនុស្សតិក្តី អាហារបដិកូលសញ្ញាក្តី ឬក៏ចតុធាតុវវដ្នានក្តី ។ 

ឯយោគាវចរអ្នកធ្វើការព្យាយាម ដែលកំពង់ចំរើនវិបស្សនាក្តី ក៏ នៅតែត្រឡប់ធ្វើអនាបនស្សតិជារឿយៗដែរ ព្រោះអនាបនស្សតិកម្មដ្នានជាវិធីប្រសើរ ជាងគេក្នុងការធ្វើអារម្មណ៍ឲ្យស្ងប់ល្អ។ កម្មដ្នាន៤០សម្រាប់ចំរើនឈាន ឲ្យបានសម្រេចឈានចាប់តាំងពីបឋមជ្ឈាន រហូតដល់បញ្ចមជ្ឈាន ។ ផលនៃការសម្រេចឈានអំពីកម្មដ្នាន៤០ ជាលោកិយ គឺថា សម្រេចនូវស្ថានសួគ៌-ស្ថានព្រហ្ម ។ 

 ដើម្បីសម្រេចនូវព្រះនិព្វាន យោគាវចរអ្នកធ្វើការ ព្យាយាម ត្រូវតែចំរើននូវវិបស្សនាកម្ម ។ វិបស្សនា មិនមែនកម្មដ្នាន៤០ខាងលើនេះទេ ប៉ុន្តែយោគាវចរគប្បីធ្វើព្យាយាមឲ្យបានហោចណាស់ក៏ត្រឹមបឋមជ្ឈានសិនដែរ ទើប ចូលទៅកាន់វិបស្សនាជាក្រោយ ។ 

ការចំរើនអំពីវាយាធាតុ ពិនិត្យមើលការដឹងល្ហើយៗលើកាយនិងក្នុងកាយតាម វាយាធាតុដែលសញ្ចររត់ឡើង-ចុះ នេះជាការចំរើនចតុធាតុវវដ្នាន ក្នុងកម្មដ្នាន៤០ មិនមែនជា វិបស្សនា ឡើយ ។ វិបស្សនា គឺ វិសុទ្ធិ៧ ដែលនឹងអធិប្បាយពន្យល់ជាខាង ក្រោយទៀត ។

ព្រះមង្គលសត្ថា កង ណាម៉ានី



Post a Comment

Previous Post Next Post