បុរាណនាចារ្យ អប់រំបន្ទន់វិជ្ជា តាមលំនាំ ព្រះពុទ្ធសាសនា លោកបង្រៀនសិស្ស ក្នុងការអាន រៀនអក្សរ ន មោ ពុទ្ធា យ សិទ្ធំ អ អា ឥ (អានថា អឹក) ឦ (អានថា អី) នៅលើក្តារឈ្នួនមួយយ៉ាងវែងដែលមាន ឆ្លាក់អក្សរទាំងនោះទុកជាគំរូ។
បុរាណកាលណោះ ជារៀងរាល់ថ្ងៃ គេលឺតែសូរសំឡេងសម្រែកសិស្សស្រែកថា ៖ ន អើយ ន , មោ អើយ មោ, ពុទ្ធ អើយ ពុទ្ធ....ដើម្បីអោយចេះចាំស្ទាត់ ពេលសិស្សត្រូវចំណាយ ដើម្បីចំណាំ នូវចំំំំណេះ ចេះចាំ ចេះអាន និងចេះសរសេរ អក្សរទាំង ១០តួរនោះ យ៉ាងតិចមួយខែ។ សិស្សណាពុំសូវពូកែ ក៏នៅតែព្យាយាមទន្ទេញ តែដដែលៗ។
នមោ ពុទ្ធាយ សិទ្ធំ!
ដោយកិច្ចនមស្ការរបស់ខ្ញុំចំពោះព្រះពុទ្ធ សូមឱ្យខ្ញុំបានសម្រេចនូវសេចក្តីប្រាថ្នាទាំងពួង (សិទ្ធិ័ទាំងឡាយ)
កិច្ឆោ មនុស្សប្បដិលាភោ
ការបានកើតជាមនុស្សជាការក្រ
កិច្ឆំ មច្ចាន ជីវិតំ
ការរស់នៅជាការលំបាក
កិច្ឆំ សទ្ធម្មស្សវនំ
ការបានស្តាប់ព្រះសទ្ធម្ម(ចំណេះដឹងល្អ) ជាការក្រ
កិច្ឆោ ពុទ្ធានមុប្បាទោ
ការកើតឡើងនៃព្រះពុទ្ធទាំងឡាយជាការក្រ ។
សិទ្ធិមនុស្ស គឺការបានសម្រេចនូវឋានៈជាមនុស្ស។ ការគោរពសិទ្ធិមនុស្ស គឺការគោរពភាពជាមនុស្សរបស់មនុស្សនោះ។ លើកស្ទួយសិទ្ធិមនុស្ស គឺការផ្តល់ផ្ធភាពនិងជួយឱ្យមនុស្សបានសម្រេចភាវៈជាមនុស្សពេញលេញ។
កាសូត្របាលី នមោ ពុទ្ធាយ សិទ្ធំ គឺការតាំងចិត្តដើម្បីបានសម្រេចភាវៈជាមនុស្សពេញលេញ។
នរណាដែលមិនចង់មានឋានៈជាមនុស្ស?
អ្នករំលោភសិទ្ធិមនុស្ស គឺអ្នកដែលមិនចង់ឱ្យយើងក្លាយទៅជាមនុស្សពេញលេញ គឺឱ្យនៅត្រឹមតែជាសត្វ។ តើនរណាចង់ធ្វើជាសត្វ? ពេលគេជេរថា អាសត្វ ម្នាក់ៗខឹងណាស់ ព្រោះគិតថាខ្លួនជាមនុស្ស។
មនុស្សខុសពីសត្វត្រង់មានធម៌ គឺធម៌ឬលក្ខខណ្ឌដើម្បីបានឋានៈជាមនុស្ស។ ព្រះពុទ្ធលោកសម្តែងលក្ខខណ្ឌ (សទ្ធម្ម)ដែលធ្វើមនុស្សឱ្យទៅជាមនុស្ស២៦០០ឆ្នាំមកហើយ។ ការមានជីវិត ការចិញ្ចឹមជីវិត ឬការមានជីវិតជាមនុស្សនេះ មិនមែនជាការងាយទេ ទើបព្រះអង្គថាជាការកម្រឬលំបាក។
អង្គការសហប្រជាជាតិទើបតែចងក្រងនូវអ្វីដែលជាលក្ខខណ្ឌឬសិទ្ធិមនុស្ស មិនទាន់ទាំងបានមួយរយឆ្នាំផង។ បុរាណខ្មែរយើង ចងក្រងពាក្យប្រដៅកូនចៅឱ្យតាំងចិត្តធ្វើខ្លួនដើម្បីសម្រេចជាមនុស្ស រាប់រយឆ្នាំមកហើយ គឺតាំងតែពីពុទ្ធសាសនាចូលមកមានឥទ្ធិពលក្នុងសង្គមខ្មែរមកម្ល៉េះ។
សូមនាំគ្នាធ្វើជាមនុស្សនិងអនុញ្ញាតឱ្យអ្នកឯទៀតបានសម្រេចជាមនុស្សផង ដោយសុំកុំទុក្ខគ្នាជាសត្វ (តិរច្ឆាន)ឡើយ។
រក្សាសិទ្ធិក្នុងការបកស្រាយ
ដោយលោកធម្មបណ្ឌិត ហេង មណីចិន្តា