សុភាសិត ទី ២៖ ប្រស្នាអត្ថន័យអាថ៌កំបាំង

 សុភាសិតទី២  

"បានត្រីស្រស់ កុំចោលត្រីងៀត

បានអ្នកកន្តៀត កុំចោលញាតិ

បានគង ចូរកុំចោលរនាត

បានជាអាពាធ កុំចោលថ្នាំ"

អត្ថាធិប្បាយ

មានមនុស្សមួយចំនួន មានចិត្តប្រែប្រួលរហ័ស មិនសូវចេះគិតវែងឆ្ងាយ ឲ្យតែបានរបស់អ្វីមួយថ្មី ក៏តាំងគ្រវែងចោលរបស់ចាស់មួយរំពេច។ ដោយហេតុនេះហើយទើបមានពាក្យប្រដៅនេះកើតឡើង។

  •  បានត្រីស្រស់ កុំចោលត្រីងៀតៈ ពាក្យនេះ មានន័យវែងឆ្ងាយ ហួសពីត្រីងៀតទៅទៀត។ ត្រីងៀត សំដៅទៅលើវត្ថុផ្សេងៗ ដែលជាវត្ថុអម្រស់អម្រ សម្រាប់គ្រាកំសត់-គ្រាអត់ឃ្លាន ។

ពេលមួយដែលយើងទិញបាន ឬរកបានវត្ថុថ្មី យើងមិនត្រូវគ្រវែងចោលវត្ថុចាស់ៗ ដែលធ្លាប់មានពីដើមនោះទេ ប្រសិនបើវត្ថុនោះ អាចនៅប្រើការបាន (មិនទាន់ខូច)។ ព្រោះថា ពេលខ្លះ វត្ថុចាស់ៗនោះ អាចយកមកប្រើការឡើងវិញ ដើម្បីបំពេញបំណងផ្សេងទៀត។ ឧទាហរណ៍: ទូថ្មី ដែលទើបនឹងបានមក អាចយកមកជំនួសទូចាស់ សម្រាប់ដាក់ខោ-អាវ, កែវកង, គ្រឿងអលង្ការ ។ល។

ឯទូចាស់ដែលនៅប្រើការកើត  គួរយកទៅប្រើការសម្រាប់ដាក់វត្ថុកំប៉ិកកំប៉ុកនៅកន្លែងណាមួយ ដែលគេមើលមិនសូវឃើញ (ព្រោះវាចាស់-មិនសូវគាប់ភ្នែក)។          

"ត្រីស្រស់" ប្រាកដជាមានរសជាតិជាងត្រីងៀត ដែលគេតែងបរិភោគស្ទើរតែរាល់ថ្ងៃមកនោះ។ ប៉ុន្តែសុំកុំបោះចោលវា នៅពេលដែលខ្លួន “បានត្រីស្រស់” ព្រោះថា យើងប្រហែលជាត្រូវការត្រីងៀតនោះ សាជាថ្មី ក៏មិនដឹង! ។

  • "បានអ្នកកន្តៀត កុំចោលញាតិ ": អ្នកកន្តៀត គឺជាភ្ញៀវ ដែលទើបនឹងស្គាល់គ្នា មកសុំស្នាក់នៅជាមួយក្នុង រយៈពេលដ៏ខ្លីមុននឹងបន្តដំណើរទៅមុខទៀត។ អ្នកខ្លះ នៅពេលដែលមានមនុស្សថ្មី ចូលមកស្នាក់នៅក្នុងផ្ទះខ្លួន ក៏តាំងវាយឫកពាធ្វើ “ហី” ដាក់ញាតិជិតខាង ហាក់មានកិត្តិយសខ្ពស់ចម្លែក ដោយសារអ្នកកន្តៀតនោះ ។

ចរិយាបែបនេះ គឺជារឿងខុសធំណាស់, បើជនណាធ្លាប់ធ្វើ គួរតែលះបង់ចោលជាបន្ទាន់ ព្រោះវាមិនបាននាំផលល្អណាមួយមកឲ្យខ្លួន ក្រៅពីសម្អប់នោះទេ  ។  សុខ - ទុក្ខ ភាគច្រើនកើតពីអ្នកជិតខាង មិនមែនបានមកពីអ្នកកន្តៀតនោះទេ។ បើញាតិជិតខាងស្រឡាញ់យើង, ប្រហែលជាគេជួយយើង នៅគ្រាអាសន្ន, មិនមែនអ្នកកន្តៀតនោះទេ។ ដូច្នេះហើយ ទើបបុព្វបុរសយើង ប្រដៅ: “បានអ្នកកន្តៀត កុំចោលញាតិ”។

  • បានគង ចូរកុំចោលរនាត: គង និង រនាត គឺជាឧបករណ៏ភ្លេង នៅក្នុងវង់ភ្លេង "ពិណពាទ្យ" របស់ខ្មែរយើង មិនអាចចោលណាមួយបានទេ។ ពាក្យនេះ ត្រូវដាក់ចូលមក សម្រាប់ចាប់ចុងជួននៅក្នុងកំណាព្យ។
  • បានជាអាពាធ កុំចោលថ្នាំ:  មានមនុស្សជាច្រើនដែលត្រូវសុភាសិតនេះ ប្រៀនប្រដៅ ឬព្រមានក្នុង រឿងប្រើប្រាស់ថ្នាំកែរោគ។ មនុស្សភាគច្រើន កាលណាឈឺ តែងស្ទុះរត់រកឧិសថ មកព្យាបាល ទោះថ្លៃប៉ុន្មានក៏ហ៊ានទិញដែរ។ លុះដល់ជាសះស្បើយ គេក៏លែងរវីរវល់ពីរឿងថ្នាំ។ គេមិនយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ សម្រាប់ការឈឺចាប់ថ្ងៃ ក្រោយទៀតទេ ។

            លុះដល់ថ្ងៃមួយក្រោយមក ចាប់ឈឺម្តងទៀត ក៏តាំងស្ទុះរកទិញថ្នាំសាជាថ្មី, ខាតពេលផង ខាតប្រាក់ផង មិនទាន់ចិត្តផង។ ដោយហេតុនេះ អ្នកប្រាជ្ញ គួរយល់ពីដំបូន្មាននេះ ហើយអនុវត្ត ពិតជាអាចផ្តល់ផលប្រយោជន៍ជាទីពេញចិត្តមិនខាន។



ថ្ងៃទី ២៧ ខែកុម្ភះ ២៥៥៤
«រសជាតិភាសាខ្មែរ»និពន្ធដោយម៉ែន រៀម
ដកស្រង់ដោយ បងបុត្រាខ្មែរ


Post a Comment

Previous Post Next Post