អត្ថន័យនៃបុណ្យកថិន
កឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។
រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់
ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ
ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។
បើខុសពីសម័យកាលនេះ
ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ
ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។
ពាក្យថា កឋិនសព្ទនេះបើតាមអត្ថកថាលោក
សំដៅយកពុទ្ធដីកាដែលព្រះសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌
និងនាមធម៌ ហៅថា កឋិន ។ ពាក្យថាកឋិន
មកអំពីកថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថពីរយ៉ាងគឺ៖ ១. ការរស់បានដោយកម្រ
សមដូចវិគ្គហថាកថតិ កិច្ឆេន ជីវតីតិ។ កថិនោ សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថា
កឋិនព្រោះលោកប្រៀបថា ដូចឈើស្នឹង ដែលបុគ្គលកាត់ចេញចាកដើម ហើយយកទៅបោះភ្ជាប់នឹងផែនដី
រមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា! ឯកិច្ចដែលនឹងកើតឡើង
ឬតាំងឡើងជាកឋិនពេញទីក៏បានដោយកម្រជាពន់ពេកណាស់ក៏យ៉ាងនោះដែរ។
២. ការពោលសរសើរ
ព្រោះចីវរទានដែលយើងបានកសាងជាកឋិននេះជាទានវិសេសជាងទានដទៃៗដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធជាប្រធាន
តែងពោលសរសសើរថា ជាទានវិសេសអាចរួបរួមឬសង់ទុកនូវអានិសង្ស
៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រង មិនឲ្យទៅក្នុងទីដទៃបាន សមដូចវិគ្គហ ថាបញ្ច អានិសំសេ
អញ្ញត្ថ គន្តុំ អទត្វ កថតិ សង្គណ្ហាតីតិ។ កថិនំ ធម្មជាតិឯណាក្រៀវទុក
ឬសង់ទុកនូវអានិសង្សទាំង ៥មិនឲ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា កឋិន ។
នៅក្នុងវត្យបើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែរកឋិនចូលដែរ
ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះត្រាតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ
១អង្គដែរ ហើយដែលបាន ចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែរកឋិនចូលបាន។
បព្វជិតក៏ដោយ គ្រហស្ថក៏ដោយ គឺអាចធ្វើកឋិនបានដូចគ្នា។
ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាត ឲ្យភិក្ខុសង្ឃទទួលកឋិន ហើយធ្វើកឋិនត្ថារកិច្ច
គឺការក្រាលគ្រងនិងអនុមោទនាកឋិននោះដើម្បីសម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា
ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃប៉ុណ្ណោះ។
ហើយការសម្រាលទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ
និងបានចំពោះតែភិក្ខុដែលចូលបុរិមិកាវស្សា
អស់ត្រៃមាសបានត្រឹមត្រួវមិនដាច់វស្សានោះឯង។
ម្យ៉ាងទៀត កឋិនទាន លោកសំដៅយកតែចីវរប្បច្ច័យ
គឺអ្នកធ្វើកឋិនមានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ។
ព្រោះលោកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ (ស្បង់ ១ ចីពរ ១ សង្ឃាដី ១)
គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខមិនឡើងជាកឋិនឡើយ លោកហៅថាខូចកឋិន
ឬកឋិនត្ថារវិបត្តិ។ ប៉ុន្តែប្រសិនបើមានសទ្ធា គេអាចនាំយកសម្ភារៈផ្សេងៗដូចជាចីវរ
១ត្រៃ ឬច្រើនត្រៃ បិណ្ឌបាតបច្ច័យ សេនាសនបច្ច័យនិងគិលានភេសជ្ជបច្ច័យ
ព្រមទាំងបច្ច័យសង្កត់ត្រៃសម្រាប់កសាងនិងអានិសង្សលាភផ្សេងៗ
សម្រាប់ប្រគេនព្រះសង្ឃក៏ជាការទទួលបានកុសលបន្ថែមទៀតដែរ។
កឋិនទាន ជាចីវរទានដូចទានទាំងពួងដែរ តែមានឈ្មោះវិសេសតាមកាលបរិច្ឆេទ ដែលហៅថាកាលទាន
ជាទានមានផលច្រើនជាងចីវរទានទាំងឡាយទាំងពួងព្រោះប្លែកពីទានឯទៀត។
ការប្លែករបសើកឋិនទានមានលក្ខណៈការ ៥ យ៉ាងគឺ៖
១- ប្លែកដោយកាលៈ គឺមានតែ ២៩ ថ្ងៃ ខែអស្សុជ មាន ១៤ថ្ងៃ (១រោច ដល់ ១៥រោច) ខែកត្តិក
មាន ១៥ថ្ងៃ (១កើត ដល់ ១៥កើត)។ រយៈកាលនេះពាក្យសាមញ្ញហៅថា រដូវកឋិន ក្នុងរដូវនេះ
ទាយកចង់ធ្វើថ្ងៃណាមួយក៏បាន ក្រៅពី ថ្ងៃទាំង ២៩ នេះពុំបាន
ហើយវត្តមួយធ្វើបានតែម្តងក្នុងមួយរដួវកឋិនភិក្ខុទទួលកឋិនបានម្តង។
២- ប្លែកដោយវត្ថុៈ គឺសំពត់ដែលយកមកធ្វើកឋិននោះ បានតែស្បង់ ឬចីវរ ឬក៏សង្ឃាដី
ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ សំពត់ក្រៅពីនេះពុំបាន
ភិក្ខុអ្នកទទួលក្រាលកឋិនក្នុងចំណោម ត្រៃចីវរ (ស្បង់ ១ ចីពរ ១ សង្ឃាដី ១)
គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ។
៣- ប្លែកដោយអំពើៈ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឲ្យត្រូវរបៀបតាមវិន័យបញ្ញត្តិ
ហើយសង្ឃក៏គប្បី ក្រាគ្រង និងអនុមោទនាឲ្យត្រឹមត្រូវតាមវិន័យបញ្ញត្តិដែរ
ទើបកើតជាកឋិនពេញលក្ខណៈបាន។
៤- ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដីចីវរ ឬក៏ងភិក្ខុ
ក្រៅពីភិក្ខុពុំបាន ភិក្ខុនោះទៀតលុះតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយ
ទើបទទួលក្រាលគ្រងនិងអនុមោទនាក្នុងវត្តនោះបាន ភិក្ខុដែលមិននៅបានចាំវស្សា
ឬបាននៅចាំវស្សាដែរ តែឲ្យដាច់ក៏ទទួលពុំបាន។
៥- ប្លែកដោយអានិសង្សៈ គឺទាយកអ្នកធ្វើក៏បានអានិសង្ស ភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង
និងអនុមោទនាក៏បានអានិសង្ស។
ដោយ លោកឧកញ៉ាបណ្ឌិត គាង សេង
ភ្នំពេញ, ខែតុលា ឆ្នាំ២០១៦
Tags:
កិច្ចពិធីផ្សេងៗ