ស្រះនិស្ស័យគឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។
ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។
បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ–អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១–១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧៕